អច្ឆរិយភាពនៃមហាប្រាសាទអង្គរវត្ត
តើមហាប្រាសាទអង្គរវត្តដែលជាសម្បត្តិ បេតិកភណ្ឌពិភពលោកដ៏មហស្ចារ្យនេះមាន ភាពអច្ឆរិយៈអ្វីខ្លះ?
ខាងក្រោមនេះជាពត៌មាន និងសំណួរចំលើយ សំខាន់ៗទាក់ទងនឹងមហាប្រាសាទអង្គរវត្ត ដែលជាបេះដូងខ្មែរ ព្រលឹងខ្មែរ និងជាមោទនភាពរបស់ខ្មែរ និងរបស់ពិភពលោក។
១. តើមហាប្រាសាទអង្គរវត្តមានឈ្មោះដើមអ្វីខ្លះ?
២. តើប្រាសាទអង្គរវត្តចាប់ផ្ដើមសាងសង់នៅឆ្នាំណា ដោយក្សត្រអង្គណា?
៣. ផ្លូវទាំង៥ចូលប្រាសាទអង្គរវត្តមានន័យដូចម្ដេច?
៤. ហេតុអ្វីប្រាសាទអង្គរវត្តមានផ្លូវចូលបែរមុខទៅរកទិសខាងលិច?
៥. ថ្ងៃទី២១ខែមិនា និង ថ្ងៃទី២១ខែកញ្ញា មានព្រឹត្តិការណ៍ពិសេសអ្វីនៅប្រាសាទអង្គរ?
៦. តើអច្ឆរិយភាពមួយចំនួននៅប្រាសាទអង្គរមានអ្វីខ្លះ?
៧. តើទីតាំងពិសេសនៅកន្លែងណាសំរាប់ឈរមើលទេសភាពដ៏ស្រស់ត្រកាលបំផុតនៃបរិវេណ ប្រាសាទអង្គរវត្តទាំងមូល?
ចម្លើយ
១. ប្រាសាទអង្គរវត្តមានឈ្មោះដើមគឺ "ប្រាសាទបរមវិស្ណុលោក"
ការវិវត្តន៍នៃឈ្មោះ ប្រាសាទអង្គរវត្ត មានការប្រែប្រួលជាបន្តបន្ទាប់តាមប្រវត្តិសាស្ត្រ។ តាមសិលា ចារិកនៅសតវត្សរ៍ទី១៦បញ្ជាក់ថា ឈ្មោះប្រាសាទអង្គរវត្តគឺ ព្រះមហានគរឥន្ទ្រប្រត្ថព្រះពិស្ណុលោក។ ពាក្យ “ឥន្ទ្រប្រត្ថ” មានន័យថា "ទីក្រុងរបស់ព្រះឥន្ទ"។ មួយចំណែកទៀតនៅសតវត្យរ៍ទី១៧ ត្រូវបាន គេហៅថា "ឥន្ទបត្ថម្ភានគរស្រីសុធរវពិស្ណុលោក"។ ប្រាសាទអង្គរវត្តក៏មានឈ្មោះម៉្យាងទៀតដែរគឺ ប្រាសាទមាស ព្រោះប្រាសាទអង្គរវត្តពេលខ្លះមាន ពណ៌មាសដែលភាគច្រើនកើតមាននាពេលរសៀលទៅល្ងាចតាមចំណាំង កាំរស្មីពណ៌នៃពន្លឺ ព្រះអាទិត្យ និងផ្ទៃមេឃ។ បច្ចុប្បន្នមានមនុស្សមួយចំនួនបានហៅប្រាសាទអង្គរវត្តថាប្រាសាទអង្គរតូច។ ការហៅនេះអាចធ្វើឱ្យមានការភ័ន្តច្រលំព្រោះប្រាសាទអង្គរវត្តជាប្រាសាទដែលធំជាងគេបំផុតផ្នែកសាសនាលើពិភពលោក។
២. ប្រាសាទអង្គរវត្ត ត្រូវបានកសាងឡើង នៅដើមសតវត្សរ៍ទី១២ដោយព្រះអធិរាជសូរិយាវរ្ម័នទី២ (១១១៣ — ១១៥០)។
៣. ផ្លូវទាំង៥ចូលប្រាសាទអង្គរគឺជាការសាងសង់ឡើងតាមការប្រើប្រាស់ខុសៗគ្នា។
ទ្វារទី១ រឺហៅថាទ្វាជ័យដែលស្ថិតនៅចំកណ្តាល ជាទ្វារសាងសង់ឡើងសម្រាប់ព្រះមហាក្សត្រ និង វង្សត្រកូលស្តេច មន្ត្រី ។ ទ្វារពីរបន្ទាប់ទៀតដែលស្ថិតនៅខាងឆ្វេងទ្វាជ័យ ជាទ្វាសម្រាប់ប្រជារាស្ត្រសាមញ្ញ និងអ្នកធ្វើការតូចតាចក្នុងរាជវាំង។ និងទ្វាពីរទៀត ជាទ្វារខ្មោចស្ថិតនៅទិសខាងកើត ហើយទ្វារខ្មោច ស្ថិតនៅខាងស្តាំដៃទ្វាជ័យ ទ្វាខ្មោចនេះ ត្រូវបានប្រើ តែពេលណាមានព្រះមហាក្សត្រចូលទីវង្គត សាងសង់ឡើងដើម្បីដង្ហែព្រះសព ទៅធ្វើឈាបនកិច្ច ទ្វារនេះខុសពីទ្វារដ៏ទៃត្រង់គ្មានជណ្តើរសម្រាប់យាន្តជំនិះ មានដំរី សេះ ឬក៏ពលទាហាន។ (បញ្ជាក់ ផ្លូវទាំង៥ចូលប្រាសាទអង្គរវត្ត និង ផ្លូវទាំង៥ចូលក្រុងអង្គរធំ គឺផ្សេងគ្នា ដែលផ្លូវចូលក្រុងអង្គរធំ គឺទ្វារជ័យ និង ទ្វារខ្មោចស្ថិតនៅទិសខាងកើតជាមួយគ្នា)
៤. មូលហេតុដែលប្រាសាទអង្គរវត្ត បែរមុខទៅទិសខាងលិច ប្រាសាទខែ្មរភាគច្រើនបែរមុខទៅខាងកើតដោយសារ មានមូលហេតុច្រើនផ្អែកតាមការសនិដ្ឋាន របស់អ្នកប្រាជ្ញ រឺ អ្នកវត្ថុបុរាណវិទ្យាផ្សេង ។
៤.១ ព្រះបាទ សូរ្យវ័ន្មទី២ សាងសង់ប្រាសាទអង្គរវត្តនេះឡើង សម្រាប់ជាការបព្ចុះសពរបស់ទ្រង់។ ភស្តុតាងដែលសនិដ្ឋានបែបនេះគឺ រោងទងរបស់ប្រាសាទដែលអ្នកទស្សនារោងទងជាន់ទី១នោះ ត្រូវដើរបព្រ្ចាសទិសទ្រនិចនាឡិកា ឬ បព្រ្ចាសប្រទក្សិណ វាផ្ទុយពីការដើរដង្ហែរក្នុងពិធីបុណ្យផ្សេង ក្នុងសាសនាព្រាហ្មណ៏ តែវាដូចនឹងការដើរជុំវិញទីធ្វើឈាបនកិច្ច បែបសាសនាព្រាហ្មណ៏ មុនពេល បូជាសព ។ ហើយអាងមួយដែលនៅប្រាង្គកំពូលកណ្តាលរបស់ប្រាសាទអាចជា មឈូសដាក់សព។
៤.២ ចំពោះប្រាសាទនេះបែរមុខទៅទិសខាងលិច គឺដោយសារតែប្រាសាទនេះ ឧទ្ទិសថ្វាយដល់ ព្រះវិស្ណុ ដែលជាអទិទេពនៃទិសខាងលិច ។
៤.៣ ពីព្រោះទិសខាងលិចមានទីធ្លាទូលាយជាងទិសដទៃដែលធ្វើឲ្យមានភាពងាយស្រួលក្នុងការ ប្រារព្ធពិធីផ្សេងៗ បែរទៅរកភ្នំព្រះសុមេរុនៅប្រទេសឥណ្ឌានិងប្រាសាទភ្នំបាខែង ងាយស្រួលដល់ ការដឹកជញ្ជួនថ្មរមកសង់ប្រាសាទតាមស្ទឹងសៀមរាប....
៥. ថ្ងៃទី២១ ខែមិនា និង ថ្ងៃទី២១ ខែកញ្ញា ជារៀងរាល់ឆ្នាំ វេលានោះជាថ្ងៃទីមួយនៃការផ្លាស់ប្ដូររដូវកាល ដែលយើងហៅថាអយនកាល (សមរាត្រី) ភាសា អង់គ្លេសហៅថា Equinox គឺជាថ្ងៃដែលព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរក៏ដូចជា ពីរ៉ាមីតផ្សេងៗទៀត (អេស្ស៊ីប ម៉ិចស៊ិចកូ...)។
៦. អច្ឆរិយភាពមួយចំនួននៃប្រាសាទអង្គរ
៦.១ ជានិមិត្តរូបនៃចក្រវាឡ ដែលកំពូលទាំង៥តំណាងអោយ ភ្នំព្រះសុមេរុ និង ជម្ពូទ្វីបទាំង៤ព័ទ្ធ ជុំវិញដោយមហាសាគរ។
៦.២ មិនត្រឹមតែជានិមិត្តរូបទេ គ្រប់រង្វាស់ទាំងអស់ គឺសុក្រិត្យ តាមក្បួនតារាសាស្រ្ដ និង ហោរាសាស្រ្ដ ព្រមទាំងដំណើរនៃភព ព្រះអាទិត្យ និង ព្រះចន្ទ។
៦.៣ ជាសំណង់សាសនាដែលធំជាងគេបង្អស់នៅលើពិភពលោកតាមអ្នកជំនឿខាងព្រហ្មញ្ញសាសនា
៦.៤ ជានិមិត្តរូបនៃក្បាលរបស់តារានិករនាគ (Draco Constellation) ដែលកន្ទុយនាគគឺនៅបន្ទាយសំរ៉ែ
៦.៥ ចម្លាក់ឆ្លាក់ពីទិដ្ឋភាពអតីតកាល បច្ចុប្បន្នកាល និង អនាគតកាល តាមរយៈការស្រាវជ្រាវថ្មីៗ
៦.៦ បញ្ជាក់ពីទេពកោសល្យ ស្នាដៃសិល្បៈ និង ចំណេះដឹងស្ថាបត្យកម្មកំរិតកំពូលរបស់មនុស្សជាតិ (បុព្វបុរសខ្មែរ) ដែលមានដូចជាក្បូរក្បាច់រចនាដ៏ល្អវិចិត្រឥតខ្ចោះ រូបអប្សរាជាច្រើនសណ្ឋាន ទាំងកាយវិការ ស្នាមញញឹម ម៉ូតសក់ គ្រឿងតុបតែងជាដើម។
៧. តើទីតាំងពិសេសនៅកន្លែងណាសំរាប់ឈរមើលទេសភាពដ៏ស្រស់ត្រកាលបំផុតនៃបរិវេណ ប្រាសាទអង្គរវត្តទាំងមូល?
ទីតាំងពិសេសសំរាប់មើលទេសភាពដ៏ ស្រស់ត្រកាលបំផុតនៃបរិវេណ ប្រាសាទអង្គរវត្តទាំងមូល គឺស្ថិតនៅជ្រុងភាគខាងលិចឈៀងខាងជើងនៃត្រពាំងសេះផ្នែកខាងមុខ និងខាងក្រៅបរិវេណ ប្រាសាទអង្គរវត្ត (ទីតាំងរង្វង់ក្រហម)។
ប្រភពៈ
1. Nokor Khmer Center
2. ហាស់ ចាន់លីៈ របកគំហើញថ្មីដ៏វិសេសថ្លៃថ្លា! ទីតាំងអាថ៌កំបាំងពិសេសសំរាប់មើលទេសភាពដ៏ស្រស់ ត្រកាលបំផុត នៃបរិវេណប្រាសាទអង្គរវត្តទាំងមូល, ២០១០.
3. Internet Sources
We have 57 guests and no members online